Daily Archives: October 20, 2015
ល្បិចផឹកស្រា មិនឲ្យស្រវឹង ឃើញថាមានប្រសិទ្ធភាព
គ្រឿងស្រវឹង ត្រូវបានគេទទួលទានដើម្បីបំបាត់ភាពអផ្សុក ភាពធុញថប់ បំភ្លេចទុក្ខ បង្កើនភាពសប្បាយរីករាយក្នុងរង្វង់គ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារជាដើម តែបើការពិសាជ្រុលហួសកម្រិត វាអាចបង្កជាគ្រោះថ្នាក់ទៅវិញ។ ដោយសារតែបែបនេះហើយ ទើបក្រុមហ៊ុនស្រាអាមេរិកល្បីឈ្មោះមួយ បានបង្ហើបប្រាប់ពីល្បិចផឹកស្រាមិនឲ្យស្រវឹង ដល់អ្នកចូលចិត្តទទួលទានស្រានានា។
សហស្ថាបនិកក្រុមហ៊ុនស្រា Boston Beer លោក Jim Koch និយាយថា លោកមានល្បិចមួយដែលឲ្យអ្នកទទួលទានស្រារៀងរាល់យប់ ដោយមិនភ័យព្រួយនឹងរឿងស្រវឹង។
លោក Koch សង្កត់ធ្ងន់ថា «មេដំបែ» គឺជាថ្នាំបន្សាបដ៏សំខាន់ ដែលមិនធ្វើឲ្យអ្នកស្រវឹង ខណៈកំពុងពិសាស្រា។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Esquire លោកនិយាយថា ការលេបមេដំបែស្ងួតម៉ត់មួយស្លាបព្រាកាហ្វេ មុនពិសាស្រា គឺអាចបន្សាបឥទ្ធិពលស្រាមិនឲ្យស្រវឹងនោះ។ អ្នកអាចដាក់មេដំបែក្នុងទឹកដោះគោឆៅ ដើម្បីបានរស់ជាតិកាន់តែឆ្ងាញ់ ហើយដំបែងាយស្រួលនឹងរកទិញតាមតូបលក់គ្រឿងទេសនានាផង។
បុរសខាងលើ បានពន្យល់ថាមេដំបែស្ងួតមិនទាន់ងាប់ មានផ្ទុកអង់ស៊ីមមួយប្រភេទឈ្មោះ alcohol dehydrogenases ដែលអាចបំបែកម៉ូលេគុលអាល់កុលបាន។ សារធាតុនេះ បម្លែងម៉ូលេគុលអាល់កុលទៅជាកាបូន, អ៊ីដ្រូហ្សែន និងអុកស៊ីហ្សែន ដែលនេះដូចគ្នាទៅនឹងថ្លើមបានជួយបំបែកម៉ូលេគុលអាល់កុលអីចឹងដែរ។
ជារួម ការលេបមេដំបែមុនផឹកស្រា មានន័យថា ម៉ូលេគុលអាល់កុលត្រូវបានបំបែក មុនពេលវាជ្រាបចូលទៅដល់ខួរក្បាល ដែលធ្វើឲ្យយើងស្រវឹង។ តែទោះជាយ៉ាងនេះក្ដី លោក Koch ព្រមានថា មេដំបែ មិនអាចលុបឥទ្ធិពលជាតិអាល់កុលបានទាំងស្រុងទេ គ្រាន់តែកាត់បន្ថយបានច្រើន៕
ប្រភព៖ dailymail
You must be logged in to post a comment.