ចង់​ឲ្យ​កូន​ឆ្លាត ស្ត្រី​​​ពពោះ​​គួរ​ធ្វើរឿង៧​​យ៉ាង​នេះ


ការមានផ្ទៃពោះ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ម្ដាយគ្រប់រូបត្រូវផ្ដល់កំណើត ផ្ដល់រាងកាយមាំមួន ខួរក្បាលវ័យឆ្លាតដល់កូនៗ។ ការបរិភោគចំណីអាហារ និងសកម្មភាពប្រចាំថ្ងៃ ជាចំណែកមួយចូលរួមផ្ដល់ភាពវ័យឆ្លាតដល់ក្មេងដែរ បន្ទាប់ពីហ្សែនមានស្រាប់។ តាមរយៈការសិក្សារបស់អ្នកជំនាញនានា បានរកឃើញថា កត្តាទាំង៧ ខាងក្រោមនេះ បានរួមចំណែកធ្វើឲ្យក្មេងមានភាពវ័យឆ្លាតពេលកើតចេញមក៖

១. អានសៀវភៅ

ទោះបីជាក្មេងមិនអាចយល់ពាក្យម្ដាយអានទាំងនោះក្ដី តែការអានរឿងធ្វើឲ្យក្មេងចេះមានអារម្មណ៍ស្ដាប់សូរសំឡេង ហើយក្មេងឆាប់ចាំ។ ជាទូទៅអ្នកគួរដឹងថា នៅត្រីមាសទីបីនៃរយៈពេលពពោះ ទារកអាចស្ដាប់សូរសំឡេង និងចាំបានតិចៗ។ អ្នកម្ដាយត្រូវចាប់ផ្ដើមអានសៀវភៅរឿង កាសែត ឬទស្សនាវដ្ដី ដែលខ្លួនចូលចិត្ត។

pregnancy-1_large

២. ឲ្យត្រូវពន្លឺថ្ងៃបានទៀតទាត់

យើងដឹងហើយថា ពន្លឺព្រះអាទិត្យសម្បូរទៅដោយវីតាមីន D ដែលវាមានសារៈសំខាន់ដល់ម្ដាយ និងកូនក្នុងផ្ទៃ។ ជាមធ្យមអ្នកជំនាញណែនាំឲ្យម្ដាយអង្គុយ ឬដេកហាលថ្ងៃឲ្យបានពី ១៥ទៅ២០នាទីរៀងរាល់ថ្ងៃ តែត្រូវប្រយ័ត្នចំពោះស្បែកដែរ គឺមានលាបក្រែមការពារផង។ អត្ថប្រយោជន៍បានមកពីវីតាមីន D របស់ពន្លឺព្រះអាទិត្យ គឺជួយឲ្យឆ្អឹងទារករឹងមាំ និងសុខភាពល្អ។

img_1201_large

៣. ម៉ាស្សា ឬអង្អែលថ្នមៗលើពោះ

ប្រសិនបើម្ដាយចង់មានទំនាក់ទំនងជាមួយកូនកាន់តែខ្លាំងបន្ថែមទៀត អ្នកគួរម៉ាស្សា ឬប៉ះស្ទាបពោះថ្មមៗ។ នៅពេលក្មេងមានអាយុចាប់ពី ២០សប្ដាហ៍ឡើងទៅ ក្មេងនឹងអាចចេះមានអារម្មណ៍ពេលប៉ះ ដោយសារប្រព័ន្ធប្រសាទបានវិវឌ្ឍហើយ។ ការស្រាវជ្រាវខ្លះបង្ហាញថា ទារកក្នុងផ្ទៃអាចដឹងពីភាពខុសគ្នារវាងដៃម្ដាយ និងដៃឪពុកពេលស្ទាប។ ពេលម៉ាស្សាទៀតសោត អ្នកគួរប្រើប្រេងឲ្យបានត្រឹមត្រូវ។

៤. ស្ដាប់ ឬច្រៀង ដើម្បីឲ្យទារកមានសុខភាពផ្លូវចិត្តល្អ

នៅពេលអ្នកច្រៀង ស្ដាប់ ឬលេងតន្ត្រី វានឹងធ្វើឲ្យក្មេងអាចផលិតសារធាតុ Serotonin ក្នុងរាងកាយ និងបង្កើតភាពសប្បាយរីករាយរបស់ផ្លូវចិត្ត។

pregnancy-3_large

៥. បរិភោគអាហារឲ្យបានត្រឹមត្រូវ

អ្នកអាចទទួលទានអាហារបានគ្រប់ប្រភេទដែលខ្លួនចង់ តែលើកលែងអាហារមានជាតិបារត ដែលជាប្រភេទត្រីសមុទ្រដូចជាត្រីថូណា ត្រីឆ្លាម និងត្រីចំពុះដាវ។ អាហារសំខាន់ជាងគេ ស្ត្រីគួរបរិភោគ បន្លែផ្លែឈើ ត្រី សាច់ ទឹកដោះគោ ស៊ុត ពពួកគ្រាប់ធញ្ញជាតិដូចជា ស្រូវសាឡី អង្ករសំរូប អង្ករធម្មតា ពោត និងអាហារផ្សេងទៀតមានវីតាមីន និងប្រូតេអ៊ីន។

៦. ស្ត្រីមានផ្ទៃពោះគួរធ្វើលំហាត់ប្រាណតាមការណែនាំ

ខណៈពេលពពោះទាំង៩ខែ ស្ត្រីជាម្ដាយមិនគួរធ្វើការធ្ងន់ធ្ងរឲ្យអស់កម្លាំងល្ហិតល្ហៃទេ តែត្រូវធ្វើលំហាត់ប្រាណខ្លះៗ តាមរយៈការដើរចុះឡើងៗ បរិភោគអាហារសុខភាព និងសម្រាកឲ្យបានច្រើន។

៧. ដាច់ខាតមិនត្រូវពិបាកចិត្ត ឬស្ត្រេសទេ

ពេលវេលានេះ ម្ដាយគ្រប់រូបត្រូវចៀសឲ្យផុតពីអារម្មណ៍មួម៉ៅក្ដៅក្រហាយ ស្ត្រេស ឬក្ដីបារម្ភនានា ព្រោះក្មេងអាចនឹងទទួលអារម្មណ៍បែបនេះដែរ។ ចំពោះដំបូន្មានរបស់អ្នកជំនាញ សូមឲ្យម្ដាយត្រូវអត់ធ្មត់ខន្តី តាមរយៈការធ្វើសមាធិ ឬបន្តហាត់យូហ្កាបើធ្លាប់ធ្វើ៕

pregnancy-2_large

Posted on December 13, 2016, in ទំព័រដើម, សុខភាព. Bookmark the permalink. Comments Off on ចង់​ឲ្យ​កូន​ឆ្លាត ស្ត្រី​​​ពពោះ​​គួរ​ធ្វើរឿង៧​​យ៉ាង​នេះ.

Comments are closed.